ប្រវត្តិសង្ខេប

ក្រោយថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាពុំទាន់មានស្ថាប័នណាមួយទទួលខុសត្រូវ គ្រប់គ្រងវិស្វករ ហើយក៏​មិនមានឯកសារគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យវិស្វកម្មដែរ ។ ដោយយល់ឃើញថា វិស្វករ​មាន​តូនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់មនុស្សជាតិឱ្យបានល្អ​ប្រសើរ និងដើម្បីសម្រេច​គោល​ដៅនេះ  វិស្វករស្រមៃគិតលើមូលដ្ឋានចំណេះដឹង និងបទពិសោធន៍​ ដើម្បីកែច្នៃធន​ធាន​ធម្មជាតិ​ឱ្យទៅ​ជា​ផលិត​ផល​សម្រេច ក្នុងគោលបំណងបំពេញសេចក្តីត្រូវការរបស់សង្គម ។ ក្នុងន័យនេះ ការពង្រឹង និងបង្កើន​សមត្ថ​ភាព​ជំនាញ​​របស់វិស្វករ​ ជាការចាំបាច់មិនអាចខ្វះបានក្នុងបរិបទកម្ពុជា​ ដើម្បីអភិវឌ្ឍ​សេដ្ឋកិច្ច និងកាត់​បន្ថយ​ភាព​​ក្រីក្រ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល​កម្ពុជា ។​ ​

លុះដល់ឆ្នាំ២០០០​ វិស្វករ​មួយក្រុម​បានរួមគ្នា​បង្កើតជាសមាគម ដែលមានឈ្មោះថា ស្ថាប័នវិស្វកម្មកម្ពុជា (ស.វ.ក) ក្នុងគោល​បំណង​ការពារ​ផលប្រយោជន៍​វិស្វករ ​និងលើកកម្ពស់​សមត្ថភាពបញ្ញវន្តវិស្វករជាតិ ឱ្យមាន​លទ្ធភាព​ចូលរួមអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ឲ្យបាន​​ប្រសើរឡើង ​តាមរយៈការប្រមូលផ្តុំវិស្វករ អភិវឌ្ឍសមត្ថភាព និងទំនាក់ទំនងការងារជូនសមាជិក ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ជាប្រធានកិត្តិយស និង ឯកឧត្តម សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.ក។

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០០ ស្ថាប័នវិស្វកម្មកម្ពុជា (សវក) ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងបានចូលជាសមាជិកពេញសិទ្ធិរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន (ASEAN Federation of Engineering Organizations (AFEO)) នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០០ ។ កិច្ចសហប្រតិបត្តិការជាមួយអង្គការសហព័ន្ធ​វិស្វកម្មអាស៊ាននេះគឺ ដើម្បីគ្រប់គ្រង ពង្រឹងគុណភាពនិងសមត្ថភាពប្រតិបត្តិ​ និងតួនាទីរបស់វិស្វករកម្ពុជា​ក្នុង សមាហរណកម្មក្នុងតំបន់ និងពិភពលោក។

អាស្រ័យដោយការវិវឌ្ឍន៍វិស័យពាណិជ្ជកម្មជាតិ និងចរន្តសមាហរណកម្មក្នុងតំបន់ និងសកលលោក     វិស័យសេវាកម្មវិស្វកម្មដើរតួនាទីយ៉ាងសំខាន់ ក្នុងក្របខ័ណ្ឌពាណិជ្ជកម្មឆ្លងដែន ។ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៥ នាទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ចអាស៊ាន តំណាងព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទទួល​ស្គាល់គ្នា​ទៅ​វិញទៅមកលើវិស័យសេវាកម្មវិស្វកម្មក្នុងតំបន់អាស៊ាន (Mutual Recognition Agreement on Engineering Services (MRAs)) ។ ក្នុងនាមជារដ្ឋហត្ថលេខី នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវតែចូល​រួម​អនុវត្ត        កិច្ច​ព្រម​​ព្រៀងនេះ​ឲ្យមានប្រសិទ្ធិភាព ដើម្បីធ្វើសមាហរណកម្មសេវាកម្មវិស្វកម្មក្នុងតំបន់អាស៊ាន។

ទំនាក់ទំនង

អសយដ្ឋាន: សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ទូរស័ព្ទ: +(៨៥៥) ២៣ ៨៨៤ ២៩៣

អុីមែល: [email protected]

ថ្ងៃធ្វើការ: ច័ន្ទ-សុក្រ

វេនព្រឹក: ០៨:០០ព្រឹក ដល់ ១២:០០រសៀល

វេនល្ងាច: ០២:០០រសៀល ដល់ ០៥:០០ល្ងាច


Youtube Telegram Facebook Tiktok
ផែនទី